Wednesday, November 5, 2014

ហាងមួយកន្លែងនៅ សឹង្ហបុរី លក់ទូរស័ព្ទដៃ iPhone 6 ធ្វើឲ្យ បុរសវៀតណាម យំអង្វរ សុំប្តូរយកប្រាក់វិញ

សឹង្ហបុរី៖ ភ្ញៀវទេសចរ ជនជាតិវៀតណាមម្នាក់ បានលុតជង្គង់ចុះ យំអង្វរម្ចាស់ហាង សុំប្តូរទូរស័ព្ទដៃ iPhone 6 ដែលគាត់ បានទិញ ឲ្យមិត្តស្រីរបស់គាត់ យកប្រាក់វិញ ពេលទៅទេសចរណ៍ នៅប្រទេស សឹង្ហបុរី។


តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិវៀតណាមម្នាក់ មិនត្រូវបានស្គាល់ឈ្មោះ បានទៅ ទេសចរណ៍ នៅប្រទេស សឹង្ហបុរី ជាមួយនឹងមិត្តស្រី ហើយបានឆែកមើល ឃើញថាទូរស័ព្ទដៃ iPhone 6 មានលក់ហើយ នៅក្នុងហាង លក់ទូរស័ព្ទ Mobile Air ដែលស្ថិតនៅ Sim Lim Square ទើបនាំមិត្ត ស្រីទៅទិញ។ បុរសជនជាតិ វៀតណាម ដែលជាកម្មករ រោងចក្រ មានប្រាក់ខែត្រឹម ២០០ដុល្លារ បានខំសន្សំប្រាក់រាប់ខែ ដើម្បីធ្វើឲ្យមិត្តស្រី ភ្ញាក់ផ្អើលក្នុងថ្ងៃ ខួបកំណើត របស់នាង ដោយបានទិញ ទូរស័ព្ទដៃ iPhone 6 ក្នុងតម្លៃ ៩៥០ដុល្លារ ពីក្នុងហាង Mobile Air។
ជាមួយគ្នានេះដែរ បុរសវៀតណាមនោះ បានបង់ប្រាក់សុទ្ធ ឲ្យទៅអ្នកលក់ ព្រោះគិតថា ការទិញទំនិញ នៅក្នុង ប្រទេសសឹង្ហបុរី គឺមានសុវត្ថិភាព ហើយបូករួមទាំងភាសា អង់គ្លេសរបស់គាត់ មិនសូវស្ទាត់ ផងនោះ ទើបគាត់មិនបាន ពិនិត្យមើលឯកសារ ឲ្យបានច្បាស់លាស់ នោះទេ ក៏ចុះហត្ថលេខា នៅលើវិក្ក័យ ប័ត្រ ទិញនោះ។ នៅពេលដែលគាត់ រៀបនឹងយកទូរស័ព្ទ ចាកចេញពីក្នុងហាង អ្នកលក់ បាន សួរគាត់ថា តើគាត់ចង់បានការធានា រយៈ១ឆ្នាំ ឬ ២ឆ្នាំ ហើយគាត់ក៏ជ្រើសយក ការធានារយៈ ១ឆ្នាំ ប៉ុន្តែអ្វី ដែលធ្វើឲ្យគាត់ មានការភ្ញាក់ផ្អើលនោះ គឺអ្នកលក់តម្រូវ ឲ្យគាត់បង់ប្រាក់ ចំនួន ១,៥០០ដុល្លារ បន្ថែមទៀតសម្រាប់ ការធានានោះ បើមិនដូច្នោះទេ គាត់មិនអាចយក ទូរស័ព្ទទៅបានឡើយ។
នៅពេលនោះ គាត់មិនដឹងធ្វើយ៉ាងណា ក៏បានលុតជង្គង់ ហើយយំអង្វរអ្នកលក់ សុំប្តូរយកប្រាក់ ៩៥០ដុល្លារនោះ មកវិញ ប៉ុន្តែអ្នកលក់ បានសើចគាត់ ហើយគ្មាន អ្នកដំណើរណាម្នាក់ ដែលឆ្លងកាត់នោះ ជួយគាត់នោះទេ។ ក្រោយមកអ្នកលក់ បានយល់ព្រមឲ្យប្រាក់គាត់ ៦០០ដុល្លារ នឹងយកទូរស័ព្ទវិញ ហើយគាត់ក៏បានយល់ព្រម ទទួលយកប្រាក់ ៦០០ដុល្លារនោះ តែមិត្តស្រីរបស់ គាត់ មិនព្រមឲ្យអ្នកលក់ ចំណេញ ៣៥០ដុល្លារ ទទេរៗ នោះទេ ហើយអ្នកលក់ បានប្រាប់ថា នាងនឹងមិនទទួលបាន ប្រាក់៦០០ដុល្លារនោះទេ ប្រសិនបើនាងប្តឹងប៉ូលីស។
យ៉ាងណាមិញ មិត្តស្រីរបស់បុរសវៀតណាមនោះ នៅតែមិនព្រម ហើយបានទូរស័ព្ទប្តឹងប៉ូលីស នៅពេល ដែលប៉ូលីស មកដល់ អ្នកលក់បានបង្ហាញ វិក្ក័យប័ត្រ ទៅកាន់ប៉ូលីស ហើយយល់ព្រម ឲ្យប្រាក់ បុរសនោះវិញតែ ៧០ដុល្លារទេ។ ប៉ុន្តែក្រោយមក ដោយមានការ សម្របសម្រួល ពីមន្ត្រីនៅក្នុងតំបន់ ទើបអ្នកលក់ព្រម ឲ្យប្រាក់ចំនួន៤០០ដុល្លារវិញ ហើយបុរសនោះក៏ព្រមយក ប្រាក់៤០០ដុល្លារនោះ ដើម្បីបញ្ចប់រឿង ព្រោះគាត់ត្រូវត្រលប់ ទៅប្រទេសវៀតណាម វិញ ព្រោះថាបើប្តឹងបន្តទៀត ក៏មិនសង្ឃឹមថា នឹងបានប្រាក់ទាំងអស់ មកវិញដែរ។
នេះអាចជាមេរៀនដាស់តឿន មួយ សម្រាប់បងប្អូន ប្រជាពលរដ្ឋខ្មែរ មួយចំនួន ដែលចូលចិត្ដ ទិញ របស់ប្រើប្រាស់ នៅក្រៅ ប្រទេស ជាពិសេស នៅពេលដែល មិនអាច និយាយភាសា ស្រុកគេ បានស្ទាត់ជំនាញ បន្ថែមទៀតនោះ៕

ប្រភព ៖ Khmerload

No comments:

Post a Comment