Tuesday, June 30, 2015

រឿងយក្សឆ្លៀតឱកាស 28 Jun 2015


របៀប​​កំណត់​​កាល​​វិភាគ​​អោយ​​កុំព្យូទ័រ​​របស់​​អ្នក​​ធ្វើ Disk Cleanup ដោយ​​ស្វ័យ​​ប្រវត្តិ

Disk Cleanup គឺជាមុខងារ​មួយ ដែល​បង្កើត​ឡើង មាន​មក​ជាប់ ប្រព័ន្ធ​ប្រតិបត្តិ​ការ Windows ។ វា​មាន​តួនាទី​ជួយ សម្អាត ឬ លុបចោល នូវប្រភេទ ឯកសារបណ្តោះអាសន្ន ដែលធ្វើអោយ កុំព្យូទ័ររបស់​លោក​អ្នក មាន​សភាពលឿន។ នៅថ្ងៃនេះ ខេមបូរីផត សូមបង្ហាញ ប្រិយមិត្តទាំងអស់ ពីរបៀបកំណត់ កាល​វិភាគ អោយកុំព្យូទ័ររបស់អ្នក ធ្វើ Disk Cleanup ដោយស្វ័យប្រវត្តិ អាចជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬ​មួយ​ក៏ ពេលកុំព្យូទ័រចាប់ផ្តើមជាដើម។
ដំបូង បងប្អូនត្រូវចូលទៅកាន់ប្រអប់ Search រួចវាយពាក្យថា task scheduler និងចុច Enter។

 ពេលនោះ វានឹងចេញផ្ទាំងកម្មវិធី ដូចរូបខាងក្រោម ហើយ បងប្អូនត្រូវចុចត្រង់ Action រួចជ្រើស​រើស​យក Create Basic Task។
 បន្ទាប់មកទៀត វានឹងចេញផ្ទាំងកម្មវិធីបែប Wizard ដោយប្រិយមិត្ត ត្រូវបំពេញ ឈ្មោះអ្វីក៏បានដែរ ដូច​ជា ដាក់ថា Disk Cleanup ជាដើម។ បន្ទាប់មកចុច Next ។

 មកដល់ចំណុចនេះ យើងអាច ជ្រើសរើសកាលវិភាគ ដើម្បីអោយវាធ្វើ Disk Cleanup ដោយ​មាន​ជម្រើស​ច្រើន​ដូច​ជា ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ពេលកុំព្យូទ័របើក ប៉ុន្តែនៅទីនេះ សន្មត់ថា យើង​ជ្រើស​រើស​យក ប្រចាំសប្តាហ៍។

 ក្រោយពេលចុច ជ្រើសរើសយក ប្រចាំសប្តាហ៍ហើយ វានឹងចេញ ថ្ងៃក្នុងមួយ សប្តាហ៍​អោយ​អ្នកជ្រើស​រើស។

 ជំហ៊ានចុងក្រោយ​ បងប្អូន ត្រូវចុចលើ Start a program និង វាយពាក្យថា cleanmgr.exe នៅក្នុង​ប្រអប់ Program/Script ដូចរូប។


 ដូច្នេះ ដើម្បីធ្វើអោយ កុំព្យូទ័ររបស់អ្នក មានសភាព កាន់តែលឿន ជាងធម្មតា បងប្អូនត្រូវតែ កំណត់​កាលវិភាគអោយវាធ្វើការ Cleanup ជាប្រចាំ ដើម្បីលុបនូវ កាកសំណល់ ឯកសារមួយចំនួន ដែលហូរចូល តាមរយៈការបើក Browser ឬ កម្មវិធីផ្សេងៗទៀត។

  • ដោយ: Vannoch
  • ប្រភព:Cambo-Report, howtogeek

Monday, June 29, 2015

ស្បែក​ជើង​ប៉ាតា​មួយ​គូ​អាច​ប្ដូរ​ពណ៌​បាន​តាម​ចំណង់​ចំណូល​ចិត្ត

ជា​ទូទៅ​នៅ​ពេល​ដែល​អ្នក​ចង់​ទិញ​ស្បែក​ជើង​ប៉ាតា​​ណា​មួយ​ អ្នក​តែង​មាន​ភាព​ពិបាក​ក្នុង​ការ​ជ្រើស​រើស​ពណ៌​ដែល​ពេញ​ចិត្ត។ តែ​ពេល​នេះ​នឹង​លែង​ជា​បញ្ហា​ទៀត​​​ហើយ ​ដោយ​មាន​ត្រឹម​តែ​ស្បែក​ជើង​ប៉ាតា​មួយ​គូ​ អ្នក​អាច​ផ្លាស់​ប្ដូរ​ពណ៌​បាន​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក។

ក្រុម​ហ៊ុន​របស់​ប្រទេស​អង់គ្លេស​មួយ​បាន​បង្ហាញ​​គម្រោង​​​អំពី​​​​បច្ចេកវិទ្យា​មួយ​ដែល​ឈ្មោះ​ថា​ Shift Sneaker។ បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​គេ​ប្រើ​លើ​ស្បែក​ជើង​​ប៉ាតា​ដើម្បី​អាច​ផ្លាស់​ប្ដូរ​ពណ៌​ស្បែក​ជើង​បាន​តាម​អារម្មណ៍​របស់​អ្នក​ពាក់។ អ្នក​ពាក់​អាច​ធ្វើ​ការ​ប្ដូរ​ពណ៌​​ស្បែក​ជើង​ ដោយ​គ្រាន់​តែ​យក​ដៃ​ទៅ​ប៉ះ​ស្បែក​ជើង​​ នោះ​វា​នឹង​ប្ដូរ​ពណ៌​ដោយ​ Random។ ហើយ​អ្នក​ពាក់​​ក៏​អាច​ប្រើ​ប្រាស់​កម្មវិធី​ទូរសព្ទ​ដែល​មាន​ឈ្មោះ​ថា​ Pack Store​ ដើម្បី​ធ្វើ​ការ​ទាញ​យក​​​ពណ៌​​ស្បែក​ជើង​ថ្មីៗ​ ដាក់​វា​​ទៅ​លើ​ស្បែក​ជើង​បាន​ទៀត​ផង។

សូម​បញ្ជាក់​ថា​ នេះ​គ្រាន់​តែ​ជា​គម្រោង​ការ​មួយ​ដែល​គេ​បាន​សិក្សា​ ប៉ុន្តែ​គេ​​ជឿ​ជាក់​ថា​បច្ចេកវិទ្យា​នេះ​នឹង​មាន​នៅ​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​​​​​​


ប្រភព​៖ Sabay News,  dailymail

គ្រាប់​បែក​ទម្ងន់​ ១៥​តោន​របស់​អាមេរិក​អាច​កម្ទេច​មូលដ្ឋាន​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ការ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​នានា​លើ​លោក​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​គំរាម​កំហែង​សន្តិសុខ​អន្តរជាតិ ជាពិសេស​គឺ​មហាអំណាច​យោធា​អាមេរិក។ ទោះ​យ៉ាង​ណា សហរដ្ឋ​អាមេរិក​មាន​សព្វាវុធ​ទំនើប​ៗ​ជា​ច្រើន តួយ៉ាង​ដូច​ជា​គ្រាប់​បែក​ទម្ងន់​ ១៥​តោន​បំពាក់​លើ​យន្តហោះ​ចម្បាំង B-2 ដែល​​កាសែត Politico អះ​អាង​ថា​អាច​មាន​សមត្ថភាព​កម្ទេច​មូលដ្ឋាន​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។


កិច្ចចរចា​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ឈាន​ទៅ​រក​ការ​ព្រមព្រៀង​រួម​មួយ នឹង​ឈាន​ដល់​ពេល​កំណត់​នៅ​ថ្ងៃ​ទិ៣០ ខែ​មិថុនា​ស្អែក​នេះ។ ប្រសិន​បើ​ការ​ចរចា​បរាជ័យ រដ្ឋបាល​លោក​អូបាម៉ា ព្រម​ទាំង​ប្រធានាធិបតី​អាណត្តិ​បន្ទាប់ អាច​នឹង​មាន​គម្រោង​ការB ដែល​ជា​ការ​ប្រើ​ប្រាស់​កម្លាំង​បាយ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នក​វិភាគ​នយោបាយ Michael Crowley របស់​កាសែត Politico នៅ​សហរដ្ឋអាមេរិក។

បើ​តាម​ការបញ្ជាក់​របស់​លោក Crowley បង្ហាញ​ថា​អាមេរិក​កំពុង​ធ្វើតេស្ត​គ្រាប់​បែក​យ៉ាង​តិច​បី​ដង នៅ​វាល​ខ្សាច់​រដ្ឋ New Mexico។ គ្រាប់​បែក​ឈ្មោះ MOP បំពាក់​លើ​យន្តហោះ​ចម្បាំង​ដ៏​មាន​ឥទ្ធិពល B-2 ដែល​មាន​​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បំផុត និង​មាន​តម្លៃ​ជាង ២​ពាន់​លាន​ដុល្លារ។
គ្រាប់​បែក​ដែល​ធ្វើតេស្ត​ខាង​លើ​នេះ មាន​ឈ្មោះ BLU-109​ និង​មាន​ទម្ងន់​ប្រហែល ១​តោន។ ចំណែក​គ្រាប់​បែក MOP មាន​ទម្ងន់ ១៥​តោន ដែល​អាច​មាន​សមត្ថភាព​ខ្លាំង​ជាង ១០​ដង នៃ​គ្រាប់​បែក​នៅ​ក្នុង​វីដេអូ​ខាង​លើ៕ 

ប្រភព៖ Sabay News,  businessinsider


Sunday, June 28, 2015

ផ្ទុះ​ឆេះ​ម្សៅ​​ជាតិ​ផ្ទុះ​​ក្នុង​សួន​ទឹក​​ មនុស្ស​ជាង​៤០០​នាក់​​រង​របួស​នៅ​​​​តៃវ៉ាន់​

មនុស្ស​យ៉ាង​តិច​ណាស់​៤៧២​នាក់​បាន​រង​របួស​​នៅ​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឆេះ​ម្សៅ​ជាតិ​ផ្ទុះ​​នៅ​​សួន​ទឹក ​​ក្នុង​ទីក្រុង​តាយ​ប៉ិ​ នៃ​កោះ​តៃវ៉ាន់។​​
តាម​សារព័ត៌មាន​ Central News Agency បាន​ឲ្យ​ដឹង​ថា​ ហេតុ​ការណ៍​ផ្ទុះ​ឆេះ​​​​បាន​កើត​ឡើង​​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នៅ​សួន​ទឹក​​ Formosa Fun Coast ដោយ​គេ​ឃើញ​មាន​​​​ម្សៅ​ល្អិត​​តូច​ៗ​​​ហើរ​មក​ប៉ះ​ជាប់​​​កន្លែង​សួន​ទឹក​កម្សាន្ត។ក្រោយ​មក​​ម្សៅ​នោះ​បាន​បង្ក​​ជា​អណ្ដាត​ភ្លើង​ និង​​បាន​ផ្ទុះ​ឆេះ​រាល​ដាល​ខ្លាំង​ឡើង​ជា​ភ្លើង​សន្ធោ​សន្ធៅ​ដែល​បង្ក​​​ភាព​ភ្ញាក់​ផ្អើល​ និង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ទី​នោះ​ជា​ច្រើន​នាក់​រង​របួស​។​
ភ្លាម​ៗ​ក្រោយ​ពេល​ដែល​​កើត​ហេតុ​​នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​យក​ពោង​សែង​ជន​រង​គ្រោះ​ចេញ​មក។ ដោយ​ឡែក​មនុស្ស​ជាង​៤០០​នាក់​បាន​រង​របួស​ដោយ​នៅ​ក្នុង​នោះ​ចំនួន​១០០​នាក់​បាន​រង​របួស​ធ្ងន់។ 
អ្នក​ជំនាញ​​​​បាន​សន្និដ្ឋាន​ថា ​ម្សៅ​ជាតិ​ផ្ទុះ​នេះ​ទំនង​ជា​​ធ្លាយ​ចេញ​មក​ពី​​ប្រភព​រោងចក្រ​ក្បែរ​នោះ​​ ប៉ុន្តែ​យ៉ាង​ណា​ក្ដី​ប្រភព​ម្សៅ​ជាតិ​ផ្ទុះ​នេះ​​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៕





​ប្រភព៖  Sabay News, CNN 

Facebook ចេញ​មុខងារ​ថ្មី​ដាក់​រូបភាព​ Profile ជាប់​​ឥន្ទធនូ​អបអរ​ច្បាប់​រៀបការ​ភេទ​ដូច​គ្នា​នៅ​អាមេរិក

​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ Facebook ​បាន​​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​មុខងារ​រូបភាព​ថ្មី​​សម្រាប់​អបអរ​ទៅ​ដល់​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​​អាមេរិក​ដែល​បាន​ទទួល​ស្គាល់​ និង​​​អនុញ្ញាត​ឲ្យ​មនុស្ស​ភេទ​ដូច​គ្នា​អាច​រៀប​ការ​ជា​មួយ​គ្នា​បាន។



​នៅ​ថ្ងៃ​ទី​ ២៦ ខែ មិថុនា​ម្សិល​មិញ​នេះ​ តុលាការ​កំពូល​របស់​អាមេរិក​បាន​សម្រេច​ចិត្ត​​ និង​​យល់​ព្រម​ឲ្យ​​​​មនុស្ស​មាន​​ភេទ​ដូច​គ្នាអាច​រៀប​ការ​ជា​មួយ​គ្នា​បាន​នៅ​​ក្នុង​ទឹក​ដី​អាមេរិក​។ ដូច្នេះ​ដើម្បី​អបអរ​ដល់​សេចក្ដី​សម្រេច​នេះ​ Facebook ក៏​​បាន​បង្កើត​ Tool មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​​បង្កើត​រូបភាព Profile ​ដែល​មាន​រូបភាព​ជា​ឥន្ទធនូ​ដ៏​ស្រស់​ស្អាត​ជាប់​ជា​មួយ​នឹង​រូប​ Profile ។ មិន​មែន​មាន​​តែ​ Facebook តែ​មួយ​ប៉ុណ្ណោះ​នោះ​ទេ​​ ក្រុមហ៊ុន​ផ្សេង​ទៀ​ត​ដូច​ជា​ Apple, Google, Uber និង Salesforce ក៏​បាន​អបអរ​ទៅ​នឹង​សេចក្ដីសម្រេច​នេះ​ដែរ។


ចំពោះ​អ្នក​លេង​ Facebook ផ្សេងៗ​​​ក៏​អាច​ធ្វើ​តេស្ដ​សាក​ល្បង​​នូវ​ Tool ​ថ្មី​នេះ​បាន​ដែរ ​ដោយ​គ្រាន់​តែ ចុច​នៅ​ទីនេះ  ឬ ចូល​ទៅ​កាន់​វិបសាយ (https://www.facebook.com/celebratepride)។ តែ​ត្រូវ​ចាំ​ថា​ អ្នក​បាន​ Log in ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក​។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ “Use as Profile Picture”  នោះ​អ្នក​នឹង​បាន​រូបភាព​ Profile ដែល​មាន​រូប​ឥន្ទធនូ​ជាប់​ជា​មួយ៕

ប្រភព៖ Sabay News ,  cnet